ប្រវត្តិវត្តមង្គលវ័ន

ប្រវត្តិសង្ខេបនៃវត្តមង្គលវ័ន ហៅស្វាយដង្គំ

អំពីស្ថានភាពទូទៅរបស់វត្តៈ
កាលដើមឡើយទីវត្តនេះ គឺជាទីទូលមួយហើយក្បែរនោះមានអូរមួយ។​​​នៅលើទីទូលនោះមានដើមស្វាយដុះជាច្រើនដើម ។ ដោយមានអូរនៅក្បែរនោះ អំណោយផលផ្តល់ជាជីវជាតិ  និងមានទឹកត្រជាក់ជាប្រចាំផងនោះ
ដើមស្វាយទាំងប៉ុន្មានដែលដុះលើទីទូលនោះ    មានការលូតលាស់ត្រសុំត្រសាយខ្ពស់ស្រោងឡើងលើត្រគុំត្រកាល
មើលពីចម្ងាយហាក់ដូចជាគេចងផ្តុំគ្នាគួរជាទីគយគន់។
          ក្រោយមកដោយឃើញទីទួលនោះប្រកបដោយដើមស្វាយលូតលាស់ល្អមានម្លប់ត្រឈឹងត្រឈៃសមជាទីកន្លែងសក្ការៈបូជាពុទ្ធបរិស័ទក្នុងតំបន់នេះបានរូមសាមគ្គីគ្នាប្រែក្លាយទីនេះទៅជាវត្តនៅក្នុងឆ្នាំ១៨៨៩ ក្នុងរាជ្យ នៃព្រះបាទនរោត្តម( មានផ្ទាំងអក្សរចារឹកលើទ្វារព្រះវិហារជាន់លើស្រាប់)។
នៅក្នុងឆ្នាំ១៩៧៥ វត្តនេះត្រូវបានព្រះសង្ឃពុទ្ធបរិស័ទបោះបង់ចោល ហើយចន្លោះឆ្នាំ១៩៧៥ ដល់ ១៩៧៩ ប៉ុល ពត យកធ្វើជាឃ្លាំងដាក់គ្រឿងប្រដាប់សម្រាប់រដ្ឋករទឹក។
ក្រោយថ្ងៃ៧មករា១៩៧៩ផ្អែកតាមគោលនយោបាយរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា វត្តនេះត្រូវ​​បានបើកឡើងវិញនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៨៩។
ចាប់តំាងពីឆ្នាំ១៩៨៩មក វត្តនេះបានដំណើរការប្រកបដោយការរីកចម្រើនហើយគួរជាទីជ្រះថ្លានៃពុទបរិស័ទ​​គ្រប់ទិសទី រហូតដល់បច្ចុប្បន្នកាលនេះ។
អំពីឈ្មោះវត្តៈ
            ក្រោយពីការកសាងវត្តព្រះសង្ឃពុទ្ធបរិស័ទបានពិភាក្សាគ្នាដើម្បីដាក់ឈ្មោះវត្តនេះ ។​​​ អ្នកពិភាក្សាភាគច្រើនបានឯកភាពគ្នាផ្អែកលើទិដ្ឋភាពភូមិសាស្រ្តជាក់ស្តែងដើម្បីដាក់ឈ្មោះវត្តនេះ។ដោយទីនេះមានដើមស្វាយដុះលូតលាស់ស្រោងឡើងលើល្អគេបានកំណត់យកឈ្មោះវត្តនេះថា វត្តស្វាយដង្គំ
          ក្រោយមកដោយវត្តកាន់តែរីកចំរើនប្រកបដោយសេចក្តីសុខសាន្តមង្គលសួស្តីល្អគេបានប្តូរឈ្មោះវត្តនេះថា វត្តមង្គលវ័ន វិញ។ ហើយតមកគេបានហៅវត្តនេះថាវត្តមង្គលវ័ន ហៅស្វាយដង្គំ រហូតសព្វថ្ងៃ។
          មានទស្សនៈខ្លះគេពន្យល់ថាពាក្យថា វ័ន ប្រែថាព្រៃគឺព្រៃសា្វយនេះឯង។ ឯពាក្យ មង្គល គឺល្អប្រសើរថ្លៃថ្លាសុខសាន្ត។ ដូចនេះមង្គលវ័នគឺជាព្រៃប្រកបដោយសេចក្តីសុខឬព្រៃស្វាយប្រកបដោយមង្គល។
អំពីចៅអធិការដឹកនាំវត្ត និងសមិទ្ធិនានាៈ
            ចាប់ពីការករកើតវត្តមកពុំមានការបញ្ជាក់ថាមានចៅអធិការប៉ុន្មានអង្គ ហើយនាមអ្វីខ្លះ ដែលបានដឹកនាំគ្រប់គ្រងវត្តនេះទេ។ ប៉ុន្តែចាប់ពីបើកវត្តឡើងវិញក្រោយថ្ងៃរំដោះ៧មករាតមកមានចៅអធិការចំនួន៣អង្គគឺ៖
-ព្រះអង្គ ប៉ាល់ ហ៊ន គ្រប់គ្រងចាប់តាំងពីឆ្នាំ ១៩៨៩ ដល់ ឆ្នាំ១៩៩៩។
សម័យនោះ មានព្រះសង្ឃគង់នៅក្នុងវត្តនេះ៩អង្គ ហើយចៅអធិការអង្គនេះបានកសាង និងជួសជុលនូវសមិទ្ធិសំខាន់ៗក្នុងវត្តដូចជា ការជួសជុល និងកសាងបន្តនូវដំបូលព្រះវិហារ ការសាងសង់ឧបដ្ឋានសាលា(មានដំបូលបណ្តោះអាសន្ន) កុដិចំនួន៤ តូបដូនជី២ខ្នង របងជុំវិញវត្ត សាលាដំកល់សព រោងបាយជាដើម ។
- ព្រះអង្គ ប៉ឹង លន់ ពីឆ្នាំ១៩៩៦ ដល់ ឆ្នាំ២០០៦ ។
ក្នុងកំឡុងកាលគ្រប់គ្រងរបស់ព្រះអង្គមានការសាងសមិទ្ធិមួយចំនួនផងដែរ ។
-ព្រះអង្គ ឃី សុវណ្ណរតនា ចាប់ពីឆ្នាំ ២០០៧ រហូតដល់បច្ចុប្បន្ន ។
ក្រោយពេលព្រះភិក្ខុ ប៉ឹង លន់ បានទទួលអនិច្ចធម្មទៅប្រមាណ៥ខែ ភិក្ខុ សាមណេរ ក្នុងវត្តបានបោះឆ្នោតគាំទ្រ និងជ្រើសរើសព្រះទេពសត្ថា ឃី សុវណ្ណរតនា ជាចៅអធិការគ្រប់គ្រងវត្តនេះបន្ត
បន្ទាប់ពីបានជាប់ឆ្នោតជាចៅអធិការនាថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០០៧ និងក្រោយពីបានទទួលការតែងតាំងជាព្រះចៅអធិការមក ព្រះអង្គបានយកព្រះទ័យទុកដាក់យ៉ាងមុតមាំ ទាំងលើការអប់រំដល់ព្រះសង្ឃ សិស្ស និស្សិត និងពុទ្ធបរិស័ទទូទៅ​​ ទាំងសាងសង់បន្ថែមនូវសមិទ្ធិថ្មីៗទៀត និងជួសជុលសមិទ្ធផលបែកបាក់ទ្រុឌទ្រោមមួយចំនួនទៀត ។
សមិទ្ធិថ្មីៗសំខាន់ៗដែលបានសាងសង់រួមមាន កា្រលឥដ្ឋការ៉ូឡាក្នុងទីធ្លាវត្ត បន្ទប់អនាម័យ ប្រព័ន្ធលូ អាងចាក់សម្រាម រៀបចំប្រព័ន្ធភ្លើងនិងដាក់កង្ហា ក្នុងសាលានិងព្រះវិហារ បោះបង្គោលអារមេមុខវត្ត ដំបូលឧបដ្ឋានសាលា និងដាំដើមឈើជាច្រើនដើម។ សមិទ្ធិដែលបានជួសជុលសំណង់ចាស់ៗ មានការជួលជុលកុដិ បន្ទប់អនាម័យ និងដំបូលព្រះវិហារ ជាអាទិ។
អំពីទីតាំងវត្តៈ
វត្តមង្គលវ័ន ហៅស្វាយដង្គុំ មានទីតាំងស្ថិតនៅក្នុងភូមិ០២ ក្រុមទី០៩ ផ្លូវ១០៧សុកហុក ឬ១១៨ ចន្លោះមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវកម្ពុជាក្រោម (ប៉ែកអគ្នេយ៍ នៃអគាររដ្ឋាភិបាល ឬអាគារសន្តិភាព និងទីស្តីការគណៈរដ្ឋមន្រ្តី ខាងលិចផ្សារធំថ្មីចម្ងាយ២៥០ម៉ែត្រ) សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
អំពីទំហំដីវត្តៈ
វត្តមង្គលវ័ន ហៅស្វាយដង្គុំ មានបណ្តោយ១៧២ម៉ែត្រ ទទឹង៦៣ម៉ែត្រ បរិមាត្រ៤៧០ម៉ែត្រ និងមានផ្ទៃក្រឡាចំនួន១០,៨៣៦ម ស្មើនឹង១,០៨ហិចតា។ បើគិតត្រឹមឆ្នាំ២០១២ វត្តនេះមានអាយុកាល១២៣ឆ្នាំ ។