សម្រាប់ឆ្នាំថ្មីឆ្នាំមមី ឆស័កព.ស.២៥៥៨ គ.ស.២០១៥នេះ វត្តមង្គលវ័ន ហៅស្វាយដង្គុំ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ព្រះសង្ឃ សិស្សនិស្សិតបានរៀបចំតុបតែងនូវវត្តអារាមសម្រាប់ប្រារពនូវពិធីបុណ្យមាឃបូជា។ ពិធីបុណ្យមាឃបូជានេះ គឺតែងតែប្រារពធ្វើជារៀងរាល់ឆ្នាំសម្រាប់អ្នកកាន់នូវព្រះពុទ្ធសាសនាថេរវាទទាំងអស់នៅក្នុងពិភពលោក។ ហើយចំពោះការប្រារពនូវ ពិធីបុណ្យមាឃបូជានេះ គឺគេប្រារពឡើងក្នុងហេតុការណ៍សំខាន់ៗ ៥យ៉ាងនៅក្នុង ព្រះពុទ្ធសាសនាកាលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់គង់ធរមាននៅឡើយ។ ហើយហេតុការណ៍សំខាន់ៗទាំង ៥យ៉ាងនោះគឺៈ
១-ប្រារពឡើងដើម្បីរំលឹកដល់ថ្ងៃដែលព្រះអង្គទ្រង់សម្ដែងឱវាទបាតិមោក្ខ។
២-ប្រារពឡើងដើម្បីរំលឹកដល់ថ្ងៃដែលព្រះអង្គទ្រង់ប្រកាស់នូវចតុរង្គមហាសន្និបាត ប្រកបដោយអង្គ៤គឺ ថ្ងៃ១៥កើតពេញបូរមីដែលព្រះចន្ទពេញវង់១ ព្រះសង្ឃនិមន្តមកគ្មានការណាត់ជួបទុកជាមុន១ ព្រះសង្ឃដែលបាននិមន្តមកមានចំនួន១២៥០អង្គ១ ព្រះសង្ឃទាំង១២៥០អង្គ សុទ្ធតែជាព្រះអរហត្តាខីណាស្រពឯហិភិក្ខុបានសម្រេចបដិសម្ភិទា៤ និងអភិញ្ញា៦ទាំងអស់១។
៣-ប្រារពឡើងដើម្បីរំលឹកដល់ថ្ងៃដែលព្រះអង្គទ្រង់បានដាក់ព្រះជន្មាយុសង្ខារនៅ ចំពោះមុខមារ។
៤-ប្រារពឡើងដើម្បីរំលឹកដល់ថ្ងៃដែលព្រះអង្គទ្រង់បានប្រកាស់តែងតាំងដល់ ព្រះអគ្គសាវ័កទាំង២គឺ ព្រះសារីបុត្ត១ ព្រះមហាមោគ្គល្លាន១។
៥-ប្រារពឡើងដើម្បីរំលឹកដល់ថ្ងៃដែលព្រះធម្មសេនាបតីសារីបុត្តបានសម្រេចនូវ ធម៌ជាន់ខ្ពស់។