ថ្ងៃនេះ គឺជាថ្ងៃឧបោសថសីលដែលញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងឡាយ ជាអ្នកគោរព និងស្រឡាញ់រាប់អាននូវព្រះពុទ្ធសាសនា គឺតែងតែនាំគ្នាអញ្ជើញមក វត្តអារាមដើម្បីសន្សំនូវបុណ្យកុសលដោយមានចង្ហាញ់ព្រមទាំងទេយ្យធម៌ផ្សេងៗសម្រាប់ ប្រគេនព្រះសង្ឃ ហើយនិងមានការសមាទានសីល ទាំងញាតិញោមសីល៨ និងញាតិញោមសីល៥ អពីព្រះសង្ឃ ។ ហើយម្យ៉ាងទៀត ថ្ងៃនេះផងដែរក៏ជាថ្ងៃចូលឆ្នាំចិន ជាថ្ងៃមួយដែលប្រជាជនខ្មែរយើង ជាអ្នកជាប់ខាងខ្សែស្រឡាយចិនបាននាំគ្នាប្រារព្ធធ្វើ ដោយបាននាំយកនូវចង្ហាន់ និងបរិក្ខារផ្សេងៗអញ្ជើញមកវត្តអារាមដើម្បីប្រគេនដល់ព្រះសង្ឃបង្សុកូល ក្នុងគោលបំណងចង់បាននូវបុណ្យកុសលសម្រាប់ខ្លួនឯងផង និងឧទ្ទិសនូវបុណ្យកុសលនេះ ជូនដល់សាច់ញាតិបងប្អូន មាតាបិតា ជីដូនជីតា ព្រមទាំង ញោតិកាទាំងប្រាំពីរសន្ដានដែលបានចែកស្ថានទៅកាន់បរលោក ដើម្បីឱ្យអ្នកទាំងអស់នោះ ទទួលបាននូវបុណ្យកុសល ដែលសាច់ញតិបងប្អូនកូនចៅនៅរស់បានឧទ្ទិសជូនទៅឱ្យ ។
ដូច្នេះនៅក្នុងថ្ងៃបុណ្យចូលឆ្នាំចិននេះ ក្នុងនាមព្រះចៅអធិការ ព្រះសង្ឃ និងអាចារ្យ សីលវន្តី ព្រមទាំងសិស្ស និស្សិតទាំងអង់នៅក្នុងវត្តមង្គលវ័ន ហៅស្វាយដង្គំ សង្កាត់មនោរម្យ ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ សូមប្រសិទ្ធពរ និងជូនពរដល់ប្រជាជនទូទាំងប្រទេសទាំងអស់ ជាពិសេសគឺអ្នកដែលគោរពស្រឡាញ់រាប់ អាននូវព្រះពុទ្ធសាសនា សូមឱ្យទទួលបាននូវសេចក្តីសុខសេចក្តីចម្រើន សិរីសួស្តី សុភមង្គលវិបុលសុខគ្រប់ប្រការ សូមឱ្យទទួលទានមានបាន ប្រកបកិច្ចការងារអ្វីៗសូមឱ្យទទួលបានជោគជ័យ ហើយធ្វើដំណើរទៅទីកន្លែងណាៗសូមឱ្យ ទេវតាឆ្នាំចាស់ និងឆ្នាំថ្មីតាមជួយថែរក្សាជានិច្ច ហើយនិងសូមឱ្យមាននូវសុវត្ថិភាពល្អគ្រប់ពេលវេលារាល់ការធ្វើដំណើរ ។